សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត អាស៊ែបៃហ្សង់ វិនិយោគ លើឧស្សាហកម្មកែច្នៃ ថាមពល កសិកម្ម សុខាភិបាល នៅកម្ពុជា

សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានលើកទឹកចិត្ត ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ជួយទាក់ទាញអ្នកវិនិយោគអាស៊ែបៃហ្សង់ អញ្ជើញមកស្វែងរកឱកាសវិនិយោគថ្មីៗបន្ថែមទៀតនៅកម្ពុជា លើឧស្សាហកម្មកែច្នៃ ឧស្សាហកម្មថាមពល និងកម្មន្តសាល ដែលជាវិស័យដ៏មានសក្តានុពលនៅក្នុងតំបន់ និងសកលលោក។
សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា កម្ពុជាកំពុងទទួលបានការចាប់អារម្មណ៍ និងទាក់ទាញអ្នកវិនិយោគយ៉ាងច្រើន ក្នុងវិស័យឧស្សាហកម្មទំាងនោះ ដោយសារកត្តាគោលនយោបាយពន្ធនាំចេញ ភូមិសាស្រ្ត នៃកំពង់ផែប្រទេសកម្ពុជាមានលក្ខណៈអំណោយផល ផ្ដល់ភាពងាយស្រួលក្នុងការដឹកទំនិញចេញចូលតាមផ្លូវទឹក។ ជាមួយគ្នានេះសម្តេចបានបញ្ជាក់ថា ប្រទេសទាំងពីរនៅមានសក្តានុពលផ្សេងៗជាច្រើនទៀត ដើម្បីជំរុញ និងបង្កើនការវិនិយោគផងដែរ ក្នុងនោះការនាំចេញនូវផលិតផលកសិកម្មពីកម្ពុជា ដូចជា អង្ករ ម្រេច ផ្លែស្វាយ គ្រាប់ស្វាយចន្ទី និងវិស័យសុខាភិបាលជាដើម។
សម្ដេចរដ្ឋសភាធិបតី ឃួន សុដារី បានលើកឡើងដូច្នេះនៅក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ូវគី មេឌីហ្សាដា (Shovgi Mechdizade) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ ២០២៥ នៅវិមានរដ្ឋសភា។