• The People Post

អាម៉េរិក ដំឡើងពន្ធលើកាណាដា ម៉ិកស៊ិក និងចិន ពីថ្ងៃទី១ ខែកុម្ភៈ

ដូចការគ្រោងទុក អាម៉េរិក ត្រូវដាក់ពន្ធ ២៥ភាគរយលើការនាំចូលទំនិញពីកាណាដា និងម៉ិកស៊ិក ហើយ១០ភាគរយ លើចិន។

«លោកប្រធានាធិបតី នឹងអនុវត្តពន្ធនៅថ្ងៃស្អែកចំនួន ២៥ភាគរយលើម៉ិកស៊ិក និង២៥ភាគរយលើកាណាដា ហើយ១០ភាគរយលើចិន សម្រាប់សារធាតុ fentanyl ខុសច្បាប់ ដែលពួកគេជាប្រភព និងអនុញ្ញាតឱ្យចែកចាយក្នុងប្រទេសយើង»។ លោកស្រី Karoline Leavitt អ្នកនាំពាក្យសេតវិមានអាម៉េរិក បានសង្កត់ធ្ងន់បែបនេះ នៅថ្ងៃទី៣១ ខែមករា។ ការដំឡើងពន្ធនេះ នឹងចូលជាធរមានភ្លាមៗ នៅថ្ងៃទី១ ខែកុម្ភៈ។

បើតាមលោកស្រី Karoline Leavitt សេចក្តីប្រកាសលើការដាក់ពន្ធនាំចូលប្រទេសទាំង ៣ នឹងចេញផ្សាយនៅថ្ងៃទី១ ខែកុម្ភៈ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។

ឆ្លើយនឹងសំណួរពាក់ព័ន្ធនឹងទំនិញត្រូវបានលើកលែងពន្ធ មន្រ្តីអាម៉េរិករូបនេះ មិនអាចផ្តល់ចម្លើយបានទេ ដ្បិតមិនទាន់ទទួលបានព័ត៌មានចុងក្រោយ។

តាមមន្រ្តីអាម៉េរិក ដែលសុំមិនបញ្ចេញឈ្មោះ ប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters រដ្ឋបាលលោកត្រាំ កំពុងពិនិត្យលើទំនិញ ដែលអាចលើកលែងពីការដំឡើងពន្ធ។

សូមបញ្ជាក់ថា ការដំឡើងពន្ធរបស់លោក ត្រាំ លើកាណាដា ម៉ិកស៊ិក និងចិន ធ្វើក្រោមហេតុផល ការរីកសាយនៃសារធាតុ fentanyl, ការហូរចូលនៃប្រជាជនចំណាកស្រុកខុសច្បាប់ និងការការពារផលប្រយោជន៍អាម៉េរិកជាដើម៕