អនុប្រធានរដ្ឋសភាហុងគ្រីនឹងបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងសប្តាហ៍នេះ

លោកស្រី ម៉ាតា ម៉ាត្រៃ (Marta Matrai) អនុប្រធាន រដ្ឋសភាប្រទេសហុងគ្រី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាហុងគ្រី អញ្ជើ្មញមកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅកម្ពុជា ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរដ្ឋសភានៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ បន្ថែមទៀត ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។
តាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភា លោកស្រី ម៉ាតា ម៉ាត្រៃ គ្រោងចូលជួបសម្ដែងការគួរសមជាមួយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្ដែងការគួរសមជាមួយ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងអញ្ជើញមានជំនួបចរចាទ្វភាគីជាមួយ ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភាកម្ពុជា។
ក្រៅពីជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំកំពូលនៃស្ថាប័ននីតិ្បញ្ញត្តិរបស់កម្ពុជាហើយនោះ លោកស្រី ម៉ាតា ម៉ាត្រៃ និងគណៈប្រតិភូ ក៏មានគម្រោងធ្វើទស្សនកិច្ចនៅតាមទីតាំងសំខាន់ៗមួយចំនួននៅរាជធានីភ្នំពេញ និងខេត្តសៀមរាប៕